បោះឆ្នោតក្នុងនាមជានិស្សិតមហាវិទ្យាល័យ

ការបោះឆ្នោតផ្តល់ឱ្យអ្នកនូវអំណាចក្នុងការរៀបចំសហគមន៍របស់អ្នក។

Female student at a voting booth

ការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នកត្រូវបានចងភ្ជាប់ទៅនឹងកន្លែងដែលអ្នករស់នៅ។ ក្នុងនាមជានិស្សិតមហាវិទ្យាល័យ ជាធម្មតាអ្នកអាចចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់អ្នក ឬកន្លែងដែលអ្នកចូលរៀននៅមហាវិទ្យាល័យ អាស្រ័យលើលក្ខខណ្ឌតម្រូវលំនៅដ្ឋានក្នុងរដ្ឋរបស់អ្នក។ សូមចងចាំថា៖ អ្នកអាចរស់នៅច្រើនជាងមួយកន្លែង ប៉ុន្តែអ្នកត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតតែមួយកន្លែងប៉ុណ្ណោះ។ 

ជ្រើសរើសរវាងស្រុកកំណើតរបស់អ្នក ឬទីក្រុងមហាវិទ្យាល័យរបស់អ្នក

ប្រសិនបើអ្នកនឹងទៅរៀននៅមហាវិទ្យាល័យនៅទីក្រុងផ្សេងពីស្រុកកំណើតរបស់អ្នក ខាងក្រោមនេះជាចំណុចដែលអ្នកអាចពិចារណានៅពេលសម្រេចចិត្តថាត្រូវបោះឆ្នោតនៅទីណា៖ 

  • តើទីតាំងមួយណាងាយស្រួលជាងសម្រាប់អ្នក? 
  • តើបេក្ខជនណានៅលើសន្លឹកឆ្នោតនៅកន្លែងនីមួយៗ? 
  • តើមានគោលនយោបាយក្នុងស្រុក ឬបញ្ហាពិសេសដែលមានសារៈសំខាន់សម្រាប់អ្នកនៅកន្លែងណាមួយទេ?

កន្លែងដែលអ្នកចុះឈ្មោះបោះឆ្នោតនឹងមិនប៉ះពាល់ដល់ជំនួយហិរញ្ញវត្ថុសហព័ន្ធរបស់អ្នក រួមទាំងកម្មវិធីឥតគិតថ្លៃសម្រាប់ជំនួយFederal Student Aid, ជំនួយ Pell Grants, Perkins, ឬប្រាក់កម្ចី Stafford ។ វាអាចប៉ះពាល់ដល់ថាតើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ទទួលបានតម្លៃសិក្សានៅក្នុងរដ្ឋដែរឬទេ។

បោះឆ្នោតនៅស្រុកកំណើត

បើទោះជាអ្នកនៅឆ្ងាយនៅសាលារៀនភាគច្រើននៃឆ្នាំក៏ដោយ អ្នកអាចមានជម្រើសបោះឆ្នោតនៅស្រុកកំណើតរបស់អ្នក។ នេះជាអ្វីដែលត្រូវចងចាំ៖

  • ចុះឈ្មោះដើម្បីបោះឆ្នោតដោយប្រើអាសយដ្ឋានអចិន្ត្រៃយ៍របស់អ្នកនៅស្រុកកំណើតរបស់អ្នក។ ប្រើអាសយដ្ឋានមហាវិទ្យាល័យរបស់អ្នកជាអាសយដ្ឋានផ្ញើសំបុត្ររបស់អ្នកនៅលើការចុះឈ្មោះរបស់អ្នក។ 
  • រដ្ឋជាច្រើនអនុញ្ញាតឱ្យអ្នកសុំសន្លឹកឆ្នោតតាមសំបុត្រ ប្រសិនបើអ្នកមិនអាចបោះឆ្នោតដោយផ្ទាល់។ រដ្ឋខ្លះផ្ញើសន្លឹកឆ្នោតទៅគ្រប់ឣ្នកបោះឆ្នោតទាំងឣស់ដោយស្វ័យប្រវត្តិ។ រដ្ឋនីមួយៗមានគោលការណ៍ណែនាំផ្ទាល់ខ្លួន ដូច្នេះសូមពិនិត្យមើលថាតើច្បាប់មានអ្វីខ្លះនៅក្នុងរដ្ឋ ឬដែនដីរបស់អ្នក(ជាភាសាអង់គ្លេស)។ អ្នកអាចឱ្យគេផ្ញើសន្លឹកឆ្នោតតាមសំបុត្រទៅអាសយដ្ឋានមហាវិទ្យាល័យរបស់អ្នក។ 

ប្រសិនបើអ្នកនឹងនៅស្រុកកំណើតរបស់អ្នកក្នុងអំឡុងពេលបោះឆ្នោត អ្នកក៏អាចមានជម្រើសបោះឆ្នោតដោយផ្ទាល់ផងដែរ។ ប្រើឧបករណ៍កំណត់ទីតាំងបោះឆ្នោត(ជាភាសាអង់គ្លេស) ដើម្បីស្វែងរកកន្លែងដែលត្រូវបោះឆ្នោតនៅថ្ងៃ ឬមុនថ្ងៃបោះឆ្នោត។

បោះឆ្នោតនៅទីក្រុងផ្សេងក្នុងរដ្ឋកំណើតរបស់អ្នក

ប្រសិនបើអ្នកចូលរៀននៅមហាវិទ្យាល័យក្នុងរដ្ឋ ឬទឹកដីរបស់អ្នក ប៉ុន្តែនៅក្នុងទីក្រុងផ្សេង អ្នកអាចមានជម្រើសដើម្បីបោះឆ្នោតនៅទីនោះ។ នេះជាអ្វីដែលត្រូវចងចាំ៖

  • ប្រសិនបើវាជាការចុះឈ្មោះជាលើកដំបូងរបស់អ្នកដើម្បីបោះឆ្នោត សូមពិនិត្យមើលលក្ខខណ្ឌតម្រូវលំនៅដ្ឋានសម្រាប់ការបោះឆ្នោតនៅក្នុងរដ្ឋរបស់អ្នក។ អ្នកប្រហែលជាត្រូវរស់នៅក្នុងទីក្រុងមហាវិទ្យាល័យរបស់អ្នកសម្រាប់ចំនួនថ្ងៃជាក់លាក់មួយ មុនពេលអ្នកអាចចុះឈ្មោះនៅទីនោះ។ 
  • បន្ទាប់ពីបញ្ជាក់ពីសិទ្ធិរបស់អ្នកហើយ អ្នកអាចចុះឈ្មោះបោះឆ្នោតដោយប្រើអាសយដ្ឋានផ្លូវនៃអគារដែលអ្នករស់នៅ មិនថាក្នុង ឬក្រៅបរិវេណសាលា។ កុំប្រើអាសយដ្ឋានប្រអប់សំបុត្ររបស់បរិវេណសាលាដើម្បីចុះឈ្មោះ ប៉ុន្តែអ្នកអាចប្រើប្រអប់សំបុត្រសាលាជាអាសយដ្ឋានផ្ញើសំបុត្ររបស់អ្នក។ ប្រសិនបើអ្នកមិនប្រាកដថាត្រូវប្រើអាសយដ្ឋានអ្វីទេ សូមទាក់ទងការិយាល័យទំនាក់ទំនងពលរដ្ឋនៃសាលារបស់អ្នក ឬការិយាល័យបោះឆ្នោតក្នុងតំបន់។ 
  • ប្រសិនបើអ្នកបានចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់អ្នករួចហើយ សូមធ្វើបច្ចុប្បន្នភាពការចុះឈ្មោះបោះឆ្នោតរបស់អ្នកជាមួយនឹងអាសយដ្ឋានមហាវិទ្យាល័យរបស់អ្នក។ សម្រាប់ការណែនាំបន្ថែមអំពីអាសយដ្ឋានដែលត្រូវប្រើ សូមទាក់ទងការិយាល័យបោះឆ្នោតក្នុងតំបន់របស់អ្នក(ជាភាសាអង់គ្លេស)។ 
  • ប្រសិនបើអ្នកអាចធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់អ្នកក្នុងអំឡុងពេលបោះឆ្នោតមុន ឬនៅថ្ងៃបោះឆ្នោត សូមប្រើឧបករណ៍កំណត់ទីតាំងបោះឆ្នោត(ជាភាសាអង់គ្លេស)ដើម្បីស្វែងរកកន្លែងដែលត្រូវបោះឆ្នោត។ 
  • រដ្ឋមួយចំនួនអនុញ្ញាតឱ្យអ្នកសុំសន្លឹកឆ្នោតអវត្តមាន ឬតាមសំបុត្រ ប្រសិនបើអ្នកមិនអាចបោះឆ្នោតដោយផ្ទាល់ ឬគ្រាន់តែចង់បោះឆ្នោតតាមប្រៃសណីយ៍។ រដ្ឋខ្លះរៀបចំការបោះឆ្នោតទាំងស្រុងតាមសំបុត្រ។ រដ្ឋនីមួយៗមានគោលការណ៍ណែនាំផ្ទាល់ខ្លួន ដូច្នេះសូមពិនិត្យមើលច្បាប់ តាមរដ្ឋ ឬដែនដីរបស់អ្នក។

បោះឆ្នោតនៅទីក្រុងមហាវិទ្យាល័យរបស់អ្នកនៅក្រៅរដ្ឋ

ប្រសិនបើអ្នកចូលរៀននៅមហាវិទ្យាល័យក្នុងរដ្ឋដែលខុសពីរដ្ឋកំណើតរបស់អ្នក អ្នកមានជម្រើសដើម្បីបោះឆ្នោតនៅទីនោះ។ នេះជាអ្វីដែលត្រូវចងចាំ៖ 

  • នៅក្នុងរដ្ឋមួយចំនួន អ្នកត្រូវតែរស់នៅក្នុងរដ្ឋសម្រាប់ចំនួនថ្ងៃជាក់លាក់មួយ មុនពេលអ្នកអាចចុះឈ្មោះបោះឆ្នោតនៅទីនោះ។ ពិនិត្យមើលលក្ខខណ្ឌតម្រូវលំនៅដ្ឋានសម្រាប់ការបោះឆ្នោតនៅលើគេហទំព័រការិយាល័យបោះឆ្នោត(ជាភាសាអង់គ្លេស)នៅក្នុងរដ្ឋមហាវិទ្យាល័យរបស់អ្នក។ 
  • បន្ទាប់ពីអ្នកបញ្ជាក់ពីសិទ្ធិរបស់អ្នកហើយ សូមចុះឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋមហាវិទ្យាល័យរបស់អ្នក។ អ្នកអាចចុះឈ្មោះបោះឆ្នោតដោយប្រើអាសយដ្ឋានផ្លូវនៃអគារដែលអ្នករស់នៅ មិនថាក្នុង ឬក្រៅបរិវេណសាលា។ កុំប្រើអាសយដ្ឋានប្រអប់សំបុត្ររបស់បរិវេណសាលា ដើម្បីចុះឈ្មោះ ប៉ុន្តែអ្នកអាចប្រើប្រអប់សំបុត្រសាលាជាអាសយដ្ឋានផ្ញើសំបុត្ររបស់អ្នក។ ប្រសិនបើអ្នកមិនប្រាកដថាត្រូវប្រើអាសយដ្ឋានអ្វីទេ សូមទាក់ទងការិយាល័យទំនាក់ទំនងពលរដ្ឋនៃសាលារបស់អ្នក ឬការិយាល័យបោះឆ្នោតក្នុងតំបន់។ 
  • តើអ្នកបានចុះឈ្មោះបោះឆ្នោតនៅក្នុងរដ្ឋកំណើតរបស់អ្នករួចហើយ ប៉ុន្តែអ្នកចង់ផ្លាស់ប្តូរការចុះឈ្មោះរបស់អ្នកទៅជារដ្ឋមហាវិទ្យាល័យរបស់អ្នកមែនទេ? ខោនធី និងរដ្ឋភាគច្រើនមិនតម្រូវឱ្យអ្នកលុបចោលការចុះឈ្មោះបោះឆ្នោតរបស់អ្នកបន្ទាប់ពីអ្នកផ្លាស់ទីលំនៅទេ។ ប៉ុន្តែការិយាល័យបោះឆ្នោតរដ្ឋ និងមូលដ្ឋានជាច្រើនមានទម្រង់បែបបទដែលអ្នកអាចដាក់ស្នើដើម្បីលុបចោលការចុះឈ្មោះរបស់អ្នក។ ស្វែងរកការិយាល័យបោះឆ្នោតរដ្ឋ ឬមូលដ្ឋានរបស់អ្នក(ជាភាសាអង់គ្លេស) ដើម្បីទទួលបានទម្រង់បែបបទការលុបចោលអ្នកបោះឆ្នោត។  

បោះឆ្នោតកំឡុងពេលសិក្សានៅបរទេស

អ្នកអាចបោះឆ្នោតបានពីគ្រប់ទីកន្លែងក្នុងពិភពលោក ប្រសិនបើអ្នកជាពលរដ្ឋអាមេរិក។ ស្វែងយល់បន្ថែមអំពីការបោះឆ្នោតខណ:ពេលនៅខាងក្រៅសហរដ្ឋអាមេរិក(ជាភាសាអង់គ្លេស)

 

ការចុះឈ្មោះបោះឆ្នោត

នៅពេលដែលអ្នកបានចុះឈ្មោះហើយ អ្នកអាចចូលរួមក្នុងការបោះឆ្នោតក្នុងមូលដ្ឋាន រដ្ឋ និងសហព័ន្ធពេញមួយឆ្នាំ។

អ្នកមានជម្រើសសម្រាប់ការចុះឈ្មោះ

រដ្ឋ និងដែនដីនីមួយៗកំណត់ច្បាប់របស់ខ្លួនសម្រាប់ការចុះឈ្មោះបោះឆ្នោត។ អ្នកប្រហែលជាអាច៖ 

ស្វែងរកថ្ងៃផុតកំណត់ការចុះឈ្មោះអ្នកបោះឆ្នោត

មិន​មានថ្ងៃផុតកំណត់ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាតិ​ទេ។ នៅក្នុងរដ្ឋមួយចំនួន ថ្ងៃចុងក្រោយនៃការចុះឈ្មោះគឺ 30 ថ្ងៃមុនថ្ងៃបោះឆ្នោត។ នៅក្នុងរដ្ឋផ្សេងទៀត អ្នកអាចចុះឈ្មោះនៅថ្ងៃបោះឆ្នោត។ ថ្ងៃបោះឆ្នោតសំដៅលើការបោះឆ្នោតណាមួយ (ក្នុងតំបន់ រដ្ឋ ឬការបោះឆ្នោតជាតិ)។ ស្វែងរកថ្ងៃផុតកំណត់នៃការចុះឈ្មោះអ្នកបោះឆ្នោតនៅក្នុងរដ្ឋរបស់អ្នក(ជាភាសាអង់គ្លេស)

ត្រៀមខ្លួនរួចរាល់ដើម្បីបោះឆ្នោតហើយមែនទេ?

មានជម្រើសដែលអាចបត់បែនដើម្បីធ្វើឱ្យការបោះឆ្នោតឣាចដំណើការទៅបានសម្រាប់កាលវិភាគ និងតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។

តម្រូវការការកំណត់អត្តសញ្ញាណអ្នកបោះឆ្នោត

រដ្ឋ និងដែនដីនីមួយៗកំណត់ច្បាប់កំណត់អត្តសញ្ញាណអ្នកបោះឆ្នោតរបស់ខ្លួន។ នៅក្នុងរដ្ឋភាគច្រើន អ្នកត្រូវតែនាំយកប័ណ្ណអត្តសញ្ញាណរបស់អ្នកទៅបោះឆ្នោតដោយផ្ទាល់ និងផ្តល់ព័ត៌មានអត្តសញ្ញាណនៅពេលអ្នកបោះឆ្នោតតាមប្រៃសណីយ៍។ ពិនិត្យមើលលក្ខខណ្ឌតម្រូវអត្តសញ្ញាណអ្នកបោះឆ្នោតរដ្ឋរបស់អ្នក(ជាភាសាអង់គ្លេស)។ 

អ្នកអាចទទួលបានអត្តសញ្ញាណប័ណ្ណនៅការិយាល័យយានយន្តរដ្ឋរបស់អ្នក ទោះបីជាអ្នកមិនបើកបរក៏ដោយ។ អ្នកនឹងត្រូវបង់ប្រាក់ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែមានស្ថាប័នដែលអាចជួយអ្នកជាមួយនឹងថ្លៃសេវាដែលទាក់ទងនឹងអត្តសញ្ញាណ។ 

អ្នក​មិន​ត្រូវ​ការ​​ប័ណ្ណចុះ​ឈ្មោះ​ឣ្នកបោះ​ឆ្នោត​ដើម្បី​បោះ​ឆ្នោត​ទេ។

ស្វែងយល់អំពីសន្លឹកឆ្នោតរបស់អ្នក

ស្វែងយល់ពីរបៀបដែលការបោះឆ្នោតរបស់អ្នកប៉ះពាល់ដល់សហគមន៍របស់អ្នក ដូច្នេះអ្នកអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ 

ការិយាល័យបោះឆ្នោតជាច្រើនបង្ហោះសន្លឹកឆ្នោតគំរូតាមអ៊ីនធឺណិត។ អ្នកខ្លះក៏ផ្តល់ព័ត៌មានតាមអ៊ីនធឺណិត ឬតាមសំបុត្រអំពីបេក្ខជន និងវិធានការសន្លឹកឆ្នោត។ សូមពិនិត្យមើលគេហទំព័របោះឆ្នោតរដ្ឋ ឬតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម។

ចុះឈ្មោះធ្វើជាបុគ្គលិកបោះឆ្នោត

គាំទ្រសហគមន៍របស់អ្នកដោយក្លាយជាបុគ្គលិកបោះឆ្នោតដែលមានប្រាក់ខែ។ ភារកិច្ច​របស់​បុគ្គលិកបោះឆ្នោត​គឺ​ខុស​គ្នា​អាស្រ័យ​លើ​កន្លែង​ដែល​អ្នក​រស់នៅ។ ការិយាល័យបោះឆ្នោតក្នុងស្រុកជាច្រើនមានបុគ្គលិកបោះឆ្នោតធ្វើការងារដូចជា៖ 

  • រៀបចំទីតាំងបោះឆ្នោត 
  • ស្វាគមន៍អ្នកបោះឆ្នោត 
  • បញ្ជាក់ការចុះឈ្មោះអ្នកបោះឆ្នោត 
  • ចែកសន្លឹកឆ្នោត 
  • ជួយអ្នកបោះឆ្នោតប្រើប្រាស់ឧបករណ៍បោះឆ្នោត 
  • ពន្យល់ពីនីតិវិធីបោះឆ្នោត 

ក្នុងនាមជាបុគ្គលិកបោះឆ្នោត អ្នកនឹងទទួលបានប្រាក់ឈ្នួលសម្រាប់ពេលវេលារបស់អ្នក។ ការទូទាត់ប្រែប្រួលអាស្រ័យលើទីតាំង។ ស្វែងយល់បន្ថែមអំពីរបៀបក្លាយជាបុគ្គលិកបោះឆ្នោត(ជាភាសាអង់គ្លេស)