មិនថាអ្នកបោះឆ្នោតដោយផ្ទាល់ ឬតាមសំបុត្រនោះទេ អ្នកមានសិទ្ធិទទួលបានការសម្របសម្រួលភាពងាយស្រួល។
ជ្រើសរើសជម្រើសចុះឈ្មោះដែលមានប្រសិទ្ធិភាពសម្រាប់អ្នក
ចុះឈ្មោះតាមអ៊ីនធឺណិត៖ រដ្ឋភាគច្រើនអនុញ្ញាតឱ្យអ្នកចុះឈ្មោះបោះឆ្នោត
និងធ្វើបច្ចុប្បន្នភាពការចុះឈ្មោះបោះឆ្នោតរបស់អ្នកតាមអ៊ីនធឺណិត។ ជ្រើសរើសរដ្ឋរបស់អ្នក ដើម្បីមើលថាតើរដ្ឋរបស់អ្នកផ្តល់ការចុះឈ្មោះតាមអ៊ីនធឺណិតដែរឬទេ។ រដ្ឋរបស់អ្នកត្រូវប្រាកដថាគេហទំព័របោះឆ្នោតមានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់មនុស្សគ្រប់សមត្ថភាព។
ចុះឈ្មោះតាមសំបុត្រ៖ អ្នកអាចទាញយក បោះពុម្ព
និងបញ្ជូនទម្រង់បែបបទចុះឈ្មោះអ្នកបោះឆ្នោតតាមប្រៃសណីយ៍ជាតិនៅគ្រប់រដ្ឋ លើកលែងតែរដ្ឋ New Hampshire, North Dakota, Wisconsin និង Wyoming។ ទម្រង់នេះមានជាភាសាជាច្រើន។ សុំឱ្យមិត្តភ័ក្តិ ឬសមាជិកគ្រួសារជួយអ្នកបំពេញទម្រង់បែបបទ ប្រសិនបើចាំបាច់។
ចុះឈ្មោះដោយទៅផ្ទាល់៖ អ្នកអាចចុះឈ្មោះនៅការិយាល័យរដ្ឋាភិបាលជាច្រើនប្រភេទ រួមមាន៖
- ការិយាល័យបោះឆ្នោតរដ្ឋ និងមូលដ្ឋាន
- ការិយាល័យយានយន្តរបស់រដ្ឋ
- ការិយាល័យជំនួយសាធារណៈ និងជនពិការ
- បណ្ណាល័យមួយចំនួន
នៅតាមបរិវេណមហាវិទ្យាល័យ និងសាកលវិទ្យាល័យមួយចំនួន
អ្នកអាចនាំនរណាម្នាក់មកជួយអ្នកចុះឈ្មោះ ប្រសិនបើចាំបាច់។
មធ្យោបាយងាយស្រួលនៅពេលបោះឆ្នោតដោយផ្ទាល់
នៅពេលអ្នកបោះឆ្នោតដោយផ្ទាល់ អ្នកមានសិទ្ធិស្នើសុំការសម្របសម្រួលមធ្យោបាយដែលធ្វើឱ្យវាងាយស្រួលសម្រាប់អ្នកដើម្បីបោះឆ្នោត។ បញ្ជីត្រួតពិនិត្យច្បាប់ពិការភាពរបស់ជនជាតិអាមេរិកស្តីពីភាពងាយស្រួលនៃកន្លែងបោះឆ្នោត(ជាភាសាអង់គ្លេស) មានព័ត៌មានអំពីអ្វីដែលអ្នកអាចស្នើសុំបាន។
ឧទាហរណ៍នៃការសម្របសម្រួលមធ្យោបាយដែលបានការពារដោយច្បាប់រួមមាន៖
- សេវាជំនួយសត្វ
- នរណាម្នាក់ដើម្បីជួយអ្នកបោះឆ្នោត (មិនអាចជានិយោជក ឬតំណាងសហជីពរបស់អ្នក)
- បង្កាន់ដៃនៅលើជណ្តើរទាំងអស់នៅទីតាំងបោះឆ្នោត
- កន្លែងចតរថយន្តសម្រាប់ឣ្នកពិការ
- ឯកសារបោះឆ្នោតជាឣក្សរធំៗ
- ច្រកចូល និងទ្វារនៅទីតាំងបោះឆ្នោតដែលមានទទឹងយ៉ាងតិច 32 អ៊ីញ
- ទីតាំងបោះឆ្នោតដែលអាចប្រើរទេះរុញបាន ទាំងខាងក្នុង និងខាងក្រៅ
- យ៉ាងហោចណាស់មានឧបករណ៍បោះឆ្នោតសម្រាប់ឣ្នកពិការដែលអាចចូលប្រើបាននៅគ្រប់ទីតាំង។ ឧបករណ៍ទាំងនេះជួយអ្នកបោះឆ្នោតដែលពិការភ្នែក ខ្សោយភ្នែក ឬមានតម្រូវការមធ្យោបាយងាយស្រួលផ្សេងទៀត។
- អ្នកធ្វើការនៅកន្លែងបោះឆ្នោតដើម្បីជួយអ្នកប្រើប្រាស់ឧបករណ៍បោះឆ្នោតសម្រាប់ឣ្នកពិការ ។
អ្នកក៏អាចទាក់ទងការិយាល័យបោះឆ្នោតរដ្ឋ ឬមូលដ្ឋាន(ជាភាសាអង់គ្លេស) របស់អ្នកមុនថ្ងៃបោះឆ្នោត ហើយពិនិត្យមើលថាតើទីតាំងបោះឆ្នោតរបស់អ្នកមានមធ្យោបាយងាយស្រួលដែលអ្នកត្រូវការដែរឬទេ។ នៅពេលអ្នកនិយាយជាមួយពួកគេ ចូរច្បាស់អំពីអ្វីដែលអ្នកត្រូវការដើម្បីធ្វើឱ្យការបោះឆ្នោតងាយស្រួលសម្រាប់អ្នក។ អ្នកក៏អាចស្នើសុំសន្លឹកឆ្នោតជាភាសារបស់អ្នក ឬទម្រង់ផ្សេងទៀត (ដូចជាឣក្សរធំៗ ឬជាសំឡេង)។
ប្រសិនបើអ្នកដឹងថាទីតាំងបោះឆ្នោតរបស់អ្នកមិនអាចចូលបានសម្រាប់អ្នកទេ សូមសួរការិយាល័យបោះឆ្នោតរបស់អ្នកអំពីជម្រើសផ្សេងទៀតដែលមាន។ អ្នកប្រហែលជាអាច៖
- បោះឆ្នោតតាមរយៈការបោះឆ្នោតនៅចិញ្ចើមផ្លូវ(ជាភាសាអង់គ្លេស) ដែលបុគ្គលិកបោះឆ្នោតនាំយកអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីបោះឆ្នោតទៅរថយន្តរបស់អ្នក។
- បោះឆ្នោតនៅទីតាំងបោះឆ្នោតផ្សេងដែលអាចចូលបានសម្រាប់ឣ្នកពិការ។
ការសម្របសម្រួលសម្រាប់ការបោះឆ្នោតតាមសំបុត្រ ឬអវត្តមាន
នៅក្នុងរដ្ឋជាច្រើន អ្នកអាចជ្រើសរើសបោះឆ្នោតអវត្តមាន ប្រសិនបើទីតាំងបោះឆ្នោតរបស់អ្នកមិនអាចចូលបានសម្រាប់អ្នក អ្នកនឹងធ្វើដំណើរនៅថ្ងៃបោះឆ្នោត ឬប្រសិនបើវាសមហេតុផលជាងសម្រាប់អ្នកក្នុងការបោះឆ្នោតពីផ្ទះ។ ស្នើសុំសន្លឹកឆ្នោតអវត្តមានក្នុងរដ្ឋរបស់អ្នក។ រដ្ឋខ្លះរៀបចំការបោះឆ្នោតទាំងស្រុងតាមសំបុត្រ។
ទាំងនេះគឺជាឧទាហរណ៍មួយចំនួននៃការសម្របសម្រួលដែលអាចមាននៅពេលបោះឆ្នោតតាមសំបុត្រក្នុងរដ្ឋរបស់អ្នក៖
- ឯកសារបោះឆ្នោតក្នុងទម្រង់ជំនួស ដូចជាឣក្សរធំៗ ឬជាសំឡេង
- តម្រូវការហត្ថលេខាក្នុងទម្រង់ជំនួស ដូចជាការវាយបញ្ចូលហត្ថលេខារបស់អ្នក
- ប្រព័ន្ធគូសសន្លឹកឆ្នោតពីចម្ងាយសម្រាប់ឣ្នកពិការ។ ជម្រើសនេះអនុញ្ញាតឱ្យអ្នកគូសសន្លឹកឆ្នោតតាមអេឡិចត្រូនិក បោះពុម្ពវាចេញ ហើយបន្ទាប់មកផ្ញើវា ឬយកវាទៅការិយាល័យបោះឆ្នោតរបស់អ្នកវិញ។
ត្រូវប្រាកដថាមានផែនការដើម្បីប្រគល់សន្លឹកឆ្នោតរបស់អ្នកមកវិញ។ អាស្រ័យលើច្បាប់របស់រដ្ឋ អ្នកអាចប្រគល់ត្រឡប់មកវិញតាមប្រៃសណីយ៍ ប្រអប់ទម្លាក់ ឬឱ្យនរណាម្នាក់ប្រគល់សន្លឹកឆ្នោតជំនួសអ្នក។ ការប្រគល់សន្លឹកឆ្នោតអេឡិចត្រូនិកគឺជាជម្រើសមួយផ្សេងទៀតដែលអាចមាននៅក្នុងរដ្ឋរបស់អ្នក។ ជម្រើសនេះអនុញ្ញាតឱ្យអ្នកផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញតាមរយៈអ៊ីមែល ទូរសារ ឬវិបផតថលអនឡាញ។
គន្លឹះ និងធនធានបន្ថែមទៀតសម្រាប់អ្នកបោះឆ្នោតដែលមានភាពពិការ
- ទាក់ទងការិយាល័យបោះឆ្នោតក្នុងតំបន់(ជាភាសាអង់គ្លេស)របស់អ្នក ប្រសិនបើអ្នកមានបញ្ហាជាមួយគេហទំព័របោះឆ្នោតរដ្ឋរបស់អ្នក ឬប្រសិនបើទីតាំងបោះឆ្នោតរបស់អ្នកមិនត្រូវបានរៀបចំដើម្បីឱ្យអ្នកអាចចូលប្រើបាន។
- ស្វែងរកភ្នាក់ងារការពារ និងតស៊ូមតិនៅក្នុងរដ្ឋរបស់អ្នកតាមរយៈ National Disability Rights Network។
- នេះគឺជាបញ្ជីធនធានជាច្រើនទៀតសម្រាប់អ្នកបោះឆ្នោតដែលមានភាពពិការ(ជាភាសាអង់គ្លេស)។
ប្រសិនបើអ្នកជឿថាអ្នកត្រូវបានគេរើសអើងដោយសារតែភាពពិការរបស់អ្នកនៅពេលបោះឆ្នោត សូមរាយការណ៍ពីបទពិសោធន៍(ជាភាសាអង់គ្លេស)របស់អ្នកទៅក្រសួងយុត្តិធម៌។
ច្បាប់សហព័ន្ធការពារសិទ្ធិរបស់អ្នកក្នុងការបោះឆ្នោត
ច្បាប់សហព័ន្ធជាច្រើនការពារការចុះឈ្មោះ និងសិទ្ធិបោះឆ្នោតរបស់ជនពិការអាមេរិក៖
- ច្បាប់ស្តីពីជនជាតិអាមេរិកដែលមានភាពពិការ
- ច្បាប់ជួយអាមេរិកបោះឆ្នោត
- ច្បាប់ការចុះឈ្មោះអ្នកបោះឆ្នោតជាតិ
- ច្បាប់ស្តីពីលទ្ធភាពការបោះឆ្នោតសម្រាប់មនុស្សចាស់ និងជនពិការ
- ច្បាប់ស្តីពីសិទ្ធិបោះឆ្នោត
ស្វែងយល់បន្ថែមអំពីច្បាប់សហព័ន្ធដែលការពារសមត្ថភាពរបស់អ្នកក្នុងការបោះឆ្នោតនៅក្នុង សៀវភៅណែនាំដឹងអំពីសិទ្ធិបោះឆ្នោតរបស់អ្នក (PDF) (ជាភាសាអង់គ្លេស) ពីក្រសួងយុត្តិធម៌។
ត្រៀមរួចរាល់ដើម្បីបោះឆ្នោតហើយឬនៅ?
ស្វែងរកថ្ងៃផុតកំណត់ការចុះឈ្មោះអ្នកបោះឆ្នោត
មិនមានថ្ងៃផុតកំណត់ការចុះឈ្មោះបោះឆ្នោតជាតិទេ។ នៅក្នុងរដ្ឋមួយចំនួន ថ្ងៃចុងក្រោយនៃការចុះឈ្មោះគឺ 30 ថ្ងៃមុនថ្ងៃបោះឆ្នោត។ នៅក្នុងរដ្ឋផ្សេងទៀត អ្នកអាចចុះឈ្មោះនៅថ្ងៃបោះឆ្នោត។ ថ្ងៃបោះឆ្នោតសំដៅលើការបោះឆ្នោតណាមួយ (ក្នុងតំបន់ រដ្ឋ ឬការបោះឆ្នោតជាតិ)។ ស្វែងរកថ្ងៃផុតកំណត់នៃការចុះឈ្មោះអ្នកបោះឆ្នោតនៅក្នុងរដ្ឋរបស់អ្នក(ជាភាសាអង់គ្លេស)។
តម្រូវការការកំណត់អត្តសញ្ញាណអ្នកបោះឆ្នោត
រដ្ឋ និងដែនដីនីមួយៗកំណត់ច្បាប់កំណត់អត្តសញ្ញាណអ្នកបោះឆ្នោតរបស់ខ្លួន។ នៅក្នុងរដ្ឋភាគច្រើន អ្នកត្រូវតែនាំយកប័ណ្ណអត្តសញ្ញាណរបស់អ្នកទៅបោះឆ្នោតដោយផ្ទាល់ និងផ្តល់ព័ត៌មានអត្តសញ្ញាណនៅពេលអ្នកបោះឆ្នោតតាមប្រៃសណីយ៍។ ពិនិត្យមើលលក្ខខណ្ឌតម្រូវអត្តសញ្ញាណអ្នកបោះឆ្នោតរដ្ឋរបស់អ្នក(ជាភាសាអង់គ្លេស)។
អ្នកអាចទទួលបានអត្តសញ្ញាណប័ណ្ណនៅការិយាល័យយានយន្តរដ្ឋរបស់អ្នក ទោះបីជាអ្នកមិនបើកបរក៏ដោយ។ អ្នកនឹងត្រូវបង់ប្រាក់ដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែមានស្ថាប័នដែលអាចជួយអ្នកជាមួយនឹងថ្លៃសេវាដែលទាក់ទងនឹងអត្តសញ្ញាណ។
អ្នកមិនត្រូវការប័ណ្ណចុះឈ្មោះឣ្នកបោះឆ្នោតដើម្បីបោះឆ្នោតទេ។
ជំនួយផ្នែកភាសា
ប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសាចម្បងរបស់អ្នក ហើយអ្នកចង់បោះឆ្នោតជាភាសាផ្សេង អ្នកអាចសុំជំនួយ។ ទាក់ទងការិយាល័យបោះឆ្នោតក្នុងតំបន់របស់អ្នក ដើម្បីរកមើលថាតើជំនួយប្រភេទណាដែលមានជាភាសារបស់អ្នកដូចជា៖
- ព័ត៌មាន និងឯកសារបោះឆ្នោត (ដូចជាសន្លឹកឆ្នោត) ជាភាសារបស់អ្នក
- បុគ្គលិកបោះឆ្នោតដែលអាចទំនាក់ទំនងជាមួយអ្នកជាភាសារបស់អ្នក (រួមទាំងភាសាសញ្ញាអាមេរិក)
- សមាជិកគ្រួសារ ឬមិត្តភ័ក្តិដែលអាចជួយបកប្រែសម្រាប់អ្នកនៅកន្លែងបោះឆ្នោត
ចុះឈ្មោះធ្វើជាបុគ្គលិកបោះឆ្នោត
គាំទ្រសហគមន៍របស់អ្នកដោយក្លាយជាបុគ្គលិកបោះឆ្នោតដែលមានប្រាក់ខែ។ ភារកិច្ចរបស់បុគ្គលិកបោះឆ្នោតគឺខុសគ្នាអាស្រ័យលើកន្លែងដែលអ្នករស់នៅ។ ការិយាល័យបោះឆ្នោតក្នុងស្រុកជាច្រើនមានបុគ្គលិកបោះឆ្នោតធ្វើការងារដូចជា៖
- រៀបចំទីតាំងបោះឆ្នោត
- ស្វាគមន៍អ្នកបោះឆ្នោត
- បញ្ជាក់ការចុះឈ្មោះអ្នកបោះឆ្នោត
- ចែកសន្លឹកឆ្នោត
- ជួយអ្នកបោះឆ្នោតប្រើប្រាស់ឧបករណ៍បោះឆ្នោត
- ពន្យល់ពីនីតិវិធីបោះឆ្នោត
ក្នុងនាមជាបុគ្គលិកបោះឆ្នោត អ្នកនឹងទទួលបានប្រាក់ឈ្នួលសម្រាប់ពេលវេលារបស់អ្នក។ ការទូទាត់ប្រែប្រួលអាស្រ័យលើទីតាំង។ ស្វែងយល់បន្ថែមអំពីរបៀបក្លាយជាបុគ្គលិកបោះឆ្នោត(ជាភាសាអង់គ្លេស)។