ក្នុងនាមជាពលរដ្ឋអាមេរិកថ្មី អ្នកមានឱកាសចូលរួមក្នុងការបោះឆ្នោតនៅអាមេរិក។ ការបោះឆ្នោតគឺជាសិទ្ធិរបស់អ្នក — និងជាវិធីដ៏ល្អក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់អ្នក។
ការចុះឈ្មោះដើម្បីបោះឆ្នោតគឺជាជំហានដំបូង
មុនពេលអ្នកអាចបោះឆ្នោតបាន អ្នកត្រូវចុះឈ្មោះ។ នៅពេលដែលអ្នកបានចុះឈ្មោះហើយ អ្នកអាចបោះឆ្នោតនៅក្នុងការបោះឆ្នោតរដ្ឋ មូលដ្ឋាន និងការបោះឆ្នោតសហព័ន្ធ។
អ្នកប្រហែលជាបានចុះឈ្មោះបោះឆ្នោតរួចហើយនៅក្នុងពិធីចូលសញ្ជាតិរបស់អ្នក។ ប្រសិនបើអ្នកមិនប្រាកដទេ អ្នកអាចពិនិត្យមើលស្ថានភាពចុះឈ្មោះរបស់អ្នកតាមអ៊ីនធឺណិត ឬចូលទៅកាន់ការិយាល័យបោះឆ្នោតក្នុងតំបន់ (ជាភាសាអង់គ្លេស)របស់អ្នក។ អ្នកប្រហែលជាបានទទួលប័ណ្ណចុះឈ្មោះអ្នកបោះឆ្នោតតាមប្រៃសណីយ៍ផងដែរ។ ប្រសិនបើឈ្មោះ ឬអាសយដ្ឋានរបស់អ្នកបានផ្លាស់ប្តូរ អ្នកនឹងត្រូវធ្វើបច្ចុប្បន្នភាពការចុះឈ្មោះអ្នកបោះឆ្នោតរបស់អ្នក។
បើមិនទាន់បានចុះឈ្មោះទេ កុំចាំអី! អ្នកអាចចុះឈ្មោះបោះឆ្នោតបានគ្រប់ពេល បន្ទាប់ពីពិធីចូលសញ្ជាតិរបស់អ្នក។
ត្រូវប្រាកដថាអ្នកជាពលរដ្ឋជាផ្លូវការមុនពេលចុះឈ្មោះ។
ប្រសិនបើអ្នកមិនទាន់មានសញ្ជាតិអាមេរិកទេ អ្នកមិនគួរចុះឈ្មោះបោះឆ្នោតទេ។ អ្នកមិនមែនជាពលរដ្ឋ រួមទាំងអ្នករស់នៅស្របច្បាប់អចិន្ត្រៃយ៍ មិនអាចបោះឆ្នោតនៅក្នុងការបោះឆ្នោតសហព័ន្ធ រដ្ឋ និងការបោះឆ្នោតក្នុងមូលដ្ឋានភាគច្រើនបានទេ។ ការចុះឈ្មោះបោះឆ្នោតមុនពេលអ្នកក្លាយជាពលរដ្ឋអាចប៉ះពាល់ដល់សញ្ជាតិរបស់អ្នក។
របៀបចុះឈ្មោះបោះឆ្នោត
អ្នកមានជម្រើសសម្រាប់ការចុះឈ្មោះ
រដ្ឋ និងដែនដីនីមួយៗកំណត់ច្បាប់របស់ខ្លួនសម្រាប់ការចុះឈ្មោះបោះឆ្នោត។ អ្នកប្រហែលជាអាច៖
- ចុះឈ្មោះតាមអ៊ីនធឺណិត៖ រដ្ឋភាគច្រើនផ្តល់ជូននូវការចុះឈ្មោះតាមអ៊ីនធឺណិត។ ជ្រើសរើសរដ្ឋ ឬដែនដីរបស់អ្នកដើម្បីរកមើលថាតើអ្នកអាចចុះឈ្មោះតាមអ៊ីនធឺណិតបានដែរឬទេ។
- ចុះឈ្មោះតាមប្រៃសណីយ៍៖ អ្នកអាចទាញយក និងបោះពុម្ពទម្រង់បែបបទចុះឈ្មោះអ្នកបោះឆ្នោតតាមសំបុត្រជាតិ(ជាភាសាអង់គ្លេស) សម្រាប់ប្រើប្រាស់នៅគ្រប់រដ្ឋ លើកលែងតែរដ្ឋ New Hampshire, North Dakota, Wisconsin និង Wyoming។ ទម្រង់នេះមានជាភាសាជាច្រើន។
- ចុះឈ្មោះដោយផ្ទាល់៖ អ្នកអាចចុះឈ្មោះដោយផ្ទាល់នៅការិយាល័យបោះឆ្នោតរដ្ឋ ឬក្នុងមូលដ្ឋាន(ជាភាសាអង់គ្លេស) របស់អ្នក ឬការិយាល័យយានយន្តរដ្ឋរបស់អ្នក។
ស្វែងរកថ្ងៃផុតកំណត់ការចុះឈ្មោះអ្នកបោះឆ្នោត
មិនមានថ្ងៃផុតកំណត់ការចុះឈ្មោះបោះឆ្នោតជាតិទេ។ នៅក្នុងរដ្ឋមួយចំនួន ថ្ងៃចុងក្រោយនៃការចុះឈ្មោះគឺ 30 ថ្ងៃមុនថ្ងៃបោះឆ្នោត។ នៅក្នុងរដ្ឋផ្សេងទៀត អ្នកអាចចុះឈ្មោះនៅថ្ងៃបោះឆ្នោត។ ថ្ងៃបោះឆ្នោតសំដៅលើការបោះឆ្នោតណាមួយ (ក្នុងតំបន់ រដ្ឋ ឬការបោះឆ្នោតជាតិ)។ ស្វែងរកថ្ងៃផុតកំណត់នៃការចុះឈ្មោះអ្នកបោះឆ្នោតនៅក្នុងរដ្ឋរបស់អ្នក(ជាភាសាអង់គ្លេស)។
ស្វែងរកព័ត៌មានអំពីការបោះឆ្នោតនៅអាមេរិក
ស្វែងយល់អំពីការបោះឆ្នោតរបស់អ្នកនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ
ការបោះឆ្នោតថ្នាក់រដ្ឋ និងថ្នាក់មូលដ្ឋានកើតឡើងពេញមួយឆ្នាំ។ នៅកម្រិតរដ្ឋ អ្នកអាចនឹងបោះឆ្នោតឱ្យអភិបាល ចៅក្រម ឬសមាជិកនីតិបញ្ញត្តិរដ្ឋ។ នៅក្នុងមូលដ្ឋាន អ្នកអាចនឹងបោះឆ្នោតជ្រើសរើសអភិបាលក្រុង ឬមន្ត្រីមូលដ្ឋានផ្សេងទៀត។ បេក្ខជនដែលឈ្នះ ធ្វើការសម្រេចចិត្តលើប្រធានបទដូចជា ថវិកាសម្រាប់ការដឹកជញ្ជូនសាធារណៈ និងសាលារៀននៅក្នុងសហគមន៍របស់អ្នក។ ការសម្រេចចិត្តទាំងនេះប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នក។
រៀងរាល់បួនឆ្នាំម្តង ការបោះឆ្នោតប្រធានាធិបតីជាអ្នកសម្រេចថាអ្នកណានឹងក្លាយជាមេដឹកនាំរបស់សហរដ្ឋអាមេរិក។ មានការបោះឆ្នោតបឋមថ្នាក់រដ្ឋ និងថ្នាក់មូលដ្ឋាន និងកិច្ចប្រជុំ(ជាភាសាអង់គ្លេស) ដែលកើតឡើងមុនការបោះឆ្នោតសកលដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតី។ ការបោះឆ្នោតសកល(ជាភាសាអង់គ្លេស)ជាអ្នកសម្រេចបេក្ខជន។ រដ្ឋនីមួយៗមានដំណើរការ និងច្បាប់រៀងៗខ្លួនសម្រាប់ការបោះឆ្នោត។
ការបោះឆ្នោតសភាសម្រេចថាអ្នកណាតំណាងឱ្យអ្នកនៅក្នុងសភា។ សភាមានពីរផ្នែក៖ សភាតំណាងរាស្រ្តអាមេរិក និងព្រឹទ្ធសភាអាមេរិក។ សមាជិកសភាតំណាងរាស្រ្តអាមេរិកតំណាងឱ្យមណ្ឌលនានាក្នុងរដ្ឋមួយ។ ពួកគេត្រូវបានជ្រើសរើសរៀងរាល់ពីរឆ្នាំម្តង។ សមាជិកព្រឹទ្ធសភាអាមេរិកតំណាងឱ្យរដ្ឋទាំងមូល។ ពួកគេបម្រើការរយៈពេលប្រាំមួយឆ្នាំ ប៉ុន្តែពួកគេមិនត្រូវបានជ្រើសរើសទាំងអស់ក្នុងពេលតែមួយនោះទេ។ សមាជិកព្រឹទ្ធសភាមួយចំនួន និងសមាជិកទាំងអស់នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ឈរឈ្មោះសម្រាប់ការបោះឆ្នោត (ឬការបោះឆ្នោតឡើងវិញ) ក្នុងអំឡុងពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ ការបោះឆ្នោតពាក់កណ្តាលអាណត្តិធ្វើឡើងនៅពាក់កណ្តាលអាណត្តិ 4 ឆ្នាំរបស់ប្រធានាធិបតីនីមួយៗ។
ស្វែងយល់អំពីសន្លឹកឆ្នោតរបស់អ្នក
ស្វែងយល់ពីរបៀបដែលការបោះឆ្នោតរបស់អ្នកប៉ះពាល់ដល់សហគមន៍របស់អ្នក ដូច្នេះអ្នកអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។
ការិយាល័យបោះឆ្នោតជាច្រើនបង្ហោះសន្លឹកឆ្នោតគំរូតាមអ៊ីនធឺណិត។ អ្នកខ្លះក៏ផ្តល់ព័ត៌មានតាមអ៊ីនធឺណិត ឬតាមសំបុត្រអំពីបេក្ខជន និងវិធានការសន្លឹកឆ្នោត។ សូមពិនិត្យមើលគេហទំព័របោះឆ្នោតរដ្ឋ ឬតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម។
ចុះឈ្មោះធ្វើជាបុគ្គលិកបោះឆ្នោត
គាំទ្រសហគមន៍របស់អ្នកដោយក្លាយជាបុគ្គលិកបោះឆ្នោតដែលមានប្រាក់ខែ។ ភារកិច្ចរបស់បុគ្គលិកបោះឆ្នោតគឺខុសគ្នាអាស្រ័យលើកន្លែងដែលអ្នករស់នៅ។ ការិយាល័យបោះឆ្នោតក្នុងស្រុកជាច្រើនមានបុគ្គលិកបោះឆ្នោតធ្វើការងារដូចជា៖
- រៀបចំទីតាំងបោះឆ្នោត
- ស្វាគមន៍អ្នកបោះឆ្នោត
- បញ្ជាក់ការចុះឈ្មោះអ្នកបោះឆ្នោត
- ចែកសន្លឹកឆ្នោត
- ជួយអ្នកបោះឆ្នោតប្រើប្រាស់ឧបករណ៍បោះឆ្នោត
- ពន្យល់ពីនីតិវិធីបោះឆ្នោត
ក្នុងនាមជាបុគ្គលិកបោះឆ្នោត អ្នកនឹងទទួលបានប្រាក់ឈ្នួលសម្រាប់ពេលវេលារបស់អ្នក។ ការទូទាត់ប្រែប្រួលអាស្រ័យលើទីតាំង។ ស្វែងយល់បន្ថែមអំពីរបៀបក្លាយជាបុគ្គលិកបោះឆ្នោត(ជាភាសាអង់គ្លេស)។
ជំនួយសម្រាប់ពលរដ្ឋថ្មី
មានក្រុមដើម្បីជួយពលរដ្ឋថ្មីជាមួយនឹងទិដ្ឋភាពផ្សេងៗនៃជីវិតជនជាតិអាមេរិក រួមទាំងការបោះឆ្នោតផងដែរ។ អ្នកអាច៖
- ទាក់ទង Office of New Americans នៅក្នុងរដ្ឋ ឬតំបន់ក្នុងមូលដ្ឋានរបស់អ្នក។
- ស្វែងរកមជ្ឈមណ្ឌលអក្ខរកម្មក្នុងមូលដ្ឋាន។
- ស្វែងរកក្រុមពលរដ្ឋថ្មីផ្សេងទៀតដែលមានបទពិសោធន៍ជាមួយការបោះឆ្នោតនៅអាមេរិក។
ជំនួយផ្នែកភាសា
ប្រសិនបើភាសាអង់គ្លេសមិនមែនជាភាសាចម្បងរបស់អ្នក ហើយអ្នកចង់បោះឆ្នោតជាភាសាផ្សេង អ្នកអាចសុំជំនួយ។ ទាក់ទងការិយាល័យបោះឆ្នោតក្នុងតំបន់របស់អ្នក ដើម្បីរកមើលថាតើជំនួយប្រភេទណាដែលមានជាភាសារបស់អ្នកដូចជា៖
- ព័ត៌មាន និងឯកសារបោះឆ្នោត (ដូចជាសន្លឹកឆ្នោត) ជាភាសារបស់អ្នក
- បុគ្គលិកបោះឆ្នោតដែលអាចទំនាក់ទំនងជាមួយអ្នកជាភាសារបស់អ្នក (រួមទាំងភាសាសញ្ញាអាមេរិក)
- សមាជិកគ្រួសារ ឬមិត្តភ័ក្តិដែលអាចជួយបកប្រែសម្រាប់អ្នកនៅកន្លែងបោះឆ្នោត
ច្បាប់សហព័ន្ធការពារសិទ្ធិរបស់អ្នកក្នុងការបោះឆ្នោត
ស្វែងយល់អំពីច្បាប់សហព័ន្ធដែលការពារសមត្ថភាពក្នុងការបោះឆ្នោតរបស់អ្នកនៅក្នុង សៀវភៅណែនាំដឹងអំពីសិទ្ធិបោះឆ្នោតរបស់អ្នក(ជាភាសាអង់គ្លេស) ពី Department of Justice។ ការណែនាំក៏មានជាភាសាអេស្ប៉ាញផងដែរ។
អ្នកអាចរាយការណ៍ពាក្យបណ្តឹងទៅ Department of Justice (ជាភាសាអង់គ្លេស) ប្រសិនបើអ្នកជួបប្រទះនូវចំណុចណាមួយខាងក្រោមនេះ នៅពេលអនុវត្តសិទ្ធិបោះឆ្នោតរបស់អ្នក៖
- នរណាម្នាក់មានការសង្ស័យអំពីសិទ្ធិរបស់អ្នកក្នុងការបោះឆ្នោត
- អ្នករស់នៅក្នុងតំបន់ដែលតម្រូវឱ្យផ្តល់ឯកសារបោះឆ្នោតជាភាសាមួយចំនួន ប៉ុន្តែមិនទទួលបានឯកសារទាំងនោះ
- អ្នកមិនទទួលបានមធ្យោបាយងាយស្រួលដែលសមហេតុផល
ស្វែងយល់បន្ថែមអំពីរបៀបដែលរដ្ឋាភិបាលធ្វើឱ្យប្រាកដថាសន្លឹកឆ្នោតរបស់អ្នកត្រូវបានរាប់យ៉ាងត្រឹមត្រូវ។